ព័ត៌មាន

សុំអនុញ្ញាតលោកមេឃុំដីឥដ្ឋ ដើម្បីបំបួសកុលបុត្រ ៥០០ រូប

នៅថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា នឹងរៀបចំកម្មវិធីបំបួសកុលបុត្រ ៥០០ រូបនៅក្នុងទីសក្ការបូជាពុទ្ធមណ្ឌលកម្ពុជា។ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តល្អ និងមានភាពស្របច្បាប់ ថ្នាក់ដឹកនាំអង្គការ និងសមាជិកបានិមន្តចុះជួបលោកមេឃុំដីឥដ្ឋនៅថ្ងៃទី ០៣ កុម្ភៈនេះដើម្បីសុំការអនុញ្ញាតធ្វើកម្មវិធីបំបួសកុលបុត្រ។ លោកមេឃុំដីឥដ្ឋបានសាទរ និងស្ម័គ្រចិត្តចូលរួមគាំទ្រកម្មវិធីនេះរហូតទទួលបានជោគជ័យ។

ជួបលោកមេភូមិស្តៅកន្លែង ៥ ដើម្បីសុំអនុញ្ញាតបំបួសកុលបុត្រ ៥០០ រូប

ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ព្រះភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ និងព្រះភិក្ខុ រតនសីលោ កែវ រតនៈ បាននិមន្តជួបលោកមេភូមិស្តៅកន្លែង ៥ ដើម្បីសុំការអនុញ្ញាតបំបួសកុលបុត្រ ៥០០ រូប ដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃ ២៧ ខែមេសា រហូតដល់ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៨។ លោកមេភូមិស្តៅកន្លែងបានសាទរ និងត្រេកអររីករាយចំពោះដំណើរកម្មវិធីបំបួស។…

សុំអនុញ្ញាតព្រះមហា ចន្ទត្ថេរោ ឈាង ឆយ ដើម្បីរៀបចំប្រារព្ធកម្មវិធីបុណ្យមហាបំបួសកុលបុត្រ កុលធីតា

ថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងព្រះមហា រតនសីលោ កែវ រតនៈ ប្រធានមូលនិធិនៃ អ.ស.ព. បានចុះមកថ្វាយបង្គំ និងសុំអនុញ្ញាតព្រះមហា ចន្ទត្ថេរោ ឈាង ឆយ ប្រធានពុទ្ធមណ្ឌលកម្ពុជា (គៀនស្វាយ) ដើម្បីរៀបចំប្រារព្ធកម្មវិធីបុណ្យមហាបំបួសកុលបុត្រ កុលធីតាចំនួន៥០០អង្គ នាពេលខាងមុខ។ ជាលទ្ធផល ព្រះប្រធានពុទ្ធមណ្ឌលបានស្វាគមន៍ដោយក្តីរីករាយគួរជាទីជ្រះថ្លា។

ពិធីសម្ពោធសាលាមត្តេយ្យសហគមន៍

ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះមហាឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននិមន្តចូលរួមក្នុងពិធីសម្ពោធសាលាមត្តេយ្យសហគមន៍ ដែលដឹកនាំកសាងដោយព្រះញាណសត្ថា សំ សុផល ព្រះរាជគណៈថ្នាក់កិត្តិយស ប្រធានមូលនិធិជួយជនក្រីក្រនិងចូលរួមអប់រំសីលធម៌ ចរិយាធម៌ បណ្តុះគុណធម៌ជូនសមាជិកអ្នកបន្តវេននៅភូមិខ្លាគ្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ព្រះវិន័យធរខេត្តកណ្តាល ព្រះអនុគណស្រុក ខ្សាច់កណ្តាល ព្រះចៅអធិការវត្តស្វាយជ្រុំ ។…

ជូនសម្ភារៈដល់សហគមន៍

ព្រៃវែង៖ បន្ទាប់ពីអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានធ្វើការអប់រំសហគមន៍ស្តីពី ប្រភពនៃអំពើហិង្សាក្នុងគ្រួសារ និងការផ្តល់ក្តីស្រឡាញ់ រួចមក អង្គការបានចែកជូនសម្ភារៈ និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋទាំង៦០នាក់ និងជូនដល់លោកមេភូមិ លោកស្រីចៅសង្កាត់ស្តីទីផង។ មាតិកាសំខាន់ៗក្នុងការវគ្គអប់រំនេះមាន៖ ១.និយមន័យអំពើហិង្សាក្នុងគ្រួសារ ២.ប្រភេទអំពើហិង្សា ៣.ប្រភពនៃអំពើហិង្សា ៤.កាផ្ដល់ដំណោះស្រាយតាមពុទ្ធចក្រនិងអាណាចក្រ ៥.ការផ្ដល់ក្ដីស្រឡាញ់ចំពោះគ្រួសារ ៦.សំយោគវិធីដោះស្រាយអំពើហិង្សា..។

សកម្មភាពចុះអប់រំសហគមន៍

ព្រៃវែង៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានចុះអប់រំសហគមន៍ស្តីពី ប្រភពនៃអំពើហិង្សក្នុងគ្រួសារ និងការផ្តល់ក្តីស្រឡាញ់ ដល់ប្រជាពលរដ្ឋចំនួន៦០នាក់ ដែលអញ្ជើញមកពីភូមិចំនួន៣ គឺ ភូមិឡូត៍២ ភូមិឡូត៍៣ និងភូមិឡូត៍៨ ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ការអប់រំនេះ មានការចូលរួមពីលោកមេភូមិទាំងបី និងលោកស្រី ឆេង រ៉ានី ចៅសង្កាត់ស្តីទី និងក្រុមការងាររបស់អង្គការ។

សកម្មភាពមនុស្សធម៌

កំពង់ឆ្នាំង៖ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនគ្រួសារក្រិក្រមួយនៅខេត្តកំពង់ឆ្នាំងដែលកំពុងជួបបញ្ហាខ្វះខាតអាហារ និងកូនឈឺផងដែរ ។ ការជួយសង្គ្រោះមនុស្សជាកាតព្វកិច្ចរបស់យើងក្នុងនាមជាកូនខ្មែរ។

ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣០០ព្រះអង្គ ដារឆ្លងបញ្ចប់កម្មវិធីបុណ្យ

ព្រៃវែង៖ ពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ខចំនួន៣០០ព្រះអង្គ ដារឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យមហាបំបួស។ ពិធីបុណ្យត្រូវបានបញ្ចប់ក្រោមបរិយាកាសស្រស់បំព្រង ស្និទ្ធស្នាល រីករាយ ជ្រះថ្លាយ៉ាងក្រៃលែង។ ទោះបីមិនចង់ឃ្លាត ក៏ត្រូវតែឃ្លាតពីគ្នា។ បួសពេលខ្លី តែតម្លៃមិត្តភាពមានជាអមតៈ។ អ្នកខ្លះថ្វាយបង្គំលាទាំងទឹកភ្នែក ពេលបែកពីព្រះអង្គគ្រូគ្រប់ព្រះអង្គ។ តែគ្រូសង្ឃឹមថា សិស្សគ្រប់នឹងយកចំណេះដែលបានរៀនទៅប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃបានល្អ សាងនូវឧត្តមប្រយោជន៍ជូនជាតិសាសនាយើងជាក់ជាពុំខាន។ គ្រូនិងសិស្ស បែកគ្នាទាំងអាល័យជាទីបំផុត។ ជាចុងក្រោយ ឧទ្ទិសបុណ្យកុសលជូនបុព្វការីជន ព្រមទាំងវិរៈជនគ្រប់ជំនាន់ បងប្អូនជនរួមជាតិដែលបានពលីជីវិតជូនជាតិសាសនា សូមបានចំណែកបុណ្យស្មើៗគ្នា។

ពិធីបិទវគ្គអប់រំ ប្រគេន និងជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា

ព្រៃវែង៖ បន្ទាប់ពីអង្គការធ្វើការបណ្តុះបណ្តាលសិក្ខាកាមអស់រយៈកាល៧ថ្ងៃរួចមក យើងប្រារព្ជពិធីបិទវគ្គអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា និងប្រគេន ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេលខ្លីនេះដល់សិក្ខាកាមចំនួន ២៥០អង្គ ។ វគ្គអប់រំនេះ ដ្បិតតែខ្លីមែន តែមានតម្លៃពេញមួយជីវិត។ សិក្ខាកាមទាំងអស់មានការយល់ដឹងពីពុទ្ធសាសនាបានច្រើន ព្រមទាំងស្គាល់រសជាតិនៃជីវិតអ្នកបួសយ៉ាងពិតប្រាកដ។

មនុស្សនិងបរិស្ថានជីវិត

ព្រៃវែង៖ នៅក្នុងអំឡុងពេលនៃកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០អង្គ  អង្គការបានធ្វើការបណ្តុះបណ្តាលជាច្រើនដើម្បីឱ្យសិក្ខាកាមឈ្វេងយល់ពីព្រះពុទ្ធសាសនា ក្នុងនោះអង្គការក៏បានបណ្តុះនិស្ស័យដល់សិក្ខាកាមឱ្យរៀនចេះស្រឡាញ់បរិស្ថានផងដែរ។ បរិស្ថានល្អ ជីវិតស្រស់បំព្រង បរិស្ថានសៅហ្មង សង្គមបាត់តម្លៃ។ មនុស្សយើង តែងស្រឡាញ់កន្លែងដែលស្អាត បរិយាកាសល្អ ដូច្នេះ បរិស្ថានស្អាត បរិយាកាសល្អ ផ្តើមចេញពីយើងទាំងអស់គ្នា។

វគ្គតស៊ូមតិក្នុងកិច្ចប្រតិបត្តិព្រះពុទ្ធសាសនា

ព្រៃវែង ៖ នេះជាសកម្មភាពជជែកសាកសួរដេញដោលបញ្ហាទូទៅទាក់ទងនឹងព្រះពុទ្ធសាសនា ជាពិសេសការប្រតិបត្តិរបស់ពុទ្ធបរិស័ទ ក៏ដូចជាព្រះសង្ឃក្នុងពុទ្ធសាសនមណ្ឌល។ ព្រះពុទ្ធសាសនាមិនមែនជាសាសនាបែបជំនឿនោះទេ តែជាសាសនាដែលផ្តល់តម្លៃទៅបញ្ញារបស់មនុស្ស។ ព្រះពុទ្ធសាសនាជាសាសនាសន្តិភាព ជាសាសនាវិទ្យាសាស្រ្្ត និងពោរពេញទៅដោយហេតុផលពីធម្មជាតិ។

កិច្ចបតិបត្តិពេលរាត្រី បូជាប្រទីប ចម្រើនសមាធិ

ព្រៃវែង ៖ ជារៀងរាល់រាត្រី អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា តែងរៀបចំដឹកនាំភិក្ខុ សាមណេរ ដូនជីចម្រើនសមាធិអប់រំចិត្តជាដរាប។ ការអប់រំចិត្តជាវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ និងស្វែងរកសេចក្តីសុខសុភមង្គលក្នុងជីវិត។ ព្យាយាមរំដោះខ្លួនឲ្យរួចចាកពីកង្វល់ទាំងពួង ទើបចិត្តស្ងប់។

សិក្សាឈ្វេងយល់ពីជីវិតអ្នកបួស

ព្រៃវែង ៖ សកម្មភាពភិក្ខុ សាមណេរ ដូនជី និមន្តគោចរបិណ្ឌបាតដើម្បីសិក្សាឈ្វេងយល់ពីជីវិតអ្នកបួសដោយការចុះអនុវត្តផ្ទាល់តាមសហគមន៍។ ការធ្វើរបៀបនេះដើម្បីកំណត់ទុកក្នុងចិត្តថា តើយើងមានអារម្មណ៍បែបណា ស៊ូទ្រាំបានក្នុងកម្រិតណា ខ្មាស់គេដែរឬទេ ហើយនេះជាទំនៀមរបស់ព្រះសម្មាសម្ពុទ្ធដែលតែងតែបំពេញជាដរាប។

កិច្ចបតិបត្តិដើរចង្រ្កម

ព្រៃវែង ៖ ជារៀងរាល់ព្រឹក បន្ទាប់សិក្សាអំពីវិបស្សនាកម្មដ្ឋានរួច ព្រះអង្គគ្រូតែងដឹកនាំសិក្ខាកាមដើរចង្ក្រមបង្កើនអានុភាពផ្លូវចិត្ត ឬក៏បង្រៀនពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍តាមរយៈការដើរចង្ក្រម។ពេលធ្វើដំណើរតាមដងផ្លូវត្រូវតែចេះគ្រប់គ្រងសតិស្មារតីឲ្យបានល្អ។

សិក្សាអំពីពុទ្ធប្បវត្តិ និងព្រះវិន័យ

ព្រៃវែង៖ នេះជាសកម្មភាពបណ្តុះបណ្តាលសិក្ខាកាមដែលមកបួសអំពីរឿងរ៉ាវទាក់ទងនឹងព្រះសម្មាសម្ពុទ្ធតាំងពីចុះចាប់បដិសន្ធិរហូតដល់បរិនិព្វាន។ នេះជាការចែករំលែកចំណេះដឹងបែបពុទ្ធសាសនាដែលបង្រៀនដោយព្រះអង្គគ្រូដែលមានបទពិសោធន៍​និងចំណេះដឹងខ្ពស់។ ជាពិសេសការបង្រៀនមានដូចជា ពុទ្ធប្បវត្តិ ព្រះវិន័យ សីលធម៌ពុទ្ធសាសនាសម្រាប់វឌ្ឍនភាពនៃសង្គម។

ពិធីបំបួសនាគ

ព្រៃវែង ៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ អង្គកការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ប្រារព្ធពិធីបំបួសនាគចំនួន២៥០អង្គ រូប នៅវត្តស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ក្រោមបរិយាកាសសប្បាយរីករាយ និងជ្រះថ្លាជាទីបំផុត។ ក្រោមទិដ្ឋភាពនៃពិធីដ៏មានន័យនោះ ព្រះតេជគុណ ជាម សុជាតិ ប្រធានអង្គការ និងប្រធានគម្រោងបុណ្យមហាបំបួសបានលើកឡើងថា ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិក ពេលបួសហើយ ត្រូវតែប្រឹងប្រែងសិក្សារៀនសូត្ររំដោះខ្លួនចេញចាកពីភាពអវិជ្ជា និងសន្សំបារមីសម្រាប់ខ្លួនឯង។ ព្រះអង្គបានបន្ថែមថា បួសរយៈពេលខ្លី តែមានន័យប្រចាំជីវិត បួសហើយត្រូវតែរៀន បើបួសមិនរៀនកុំបួស នាំឲ្យខាតពេលវេលា។

កម្មវិធីបើកវគ្គអប់រំ

ព្រៃវែង៖ កាលពីព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ក់ ធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវគ្គបំបួសកុលបុត្រ២៥០អង្គ រូប ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនាដែលរៀបចំដោយអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា នាវត្តស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង។ នៅក្នុងពិធីដ៏មានតម្លៃនោះ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការអប់រំប្រកបដោយគុណភាពគឺការអប់រំក្នុងព្រះពុទ្ធសាសនានេះឯង។ ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះគុណធម៌កសាងជាតិ។ ព្រះពុទ្ធសាសនាជាសាសនាដែលមានតម្លៃបំផុតសម្រាប់សង្គមខ្មែរតាំងពីអតីតរហូតដល់បច្ចុប្បន្ននេះ។  

ពិធីចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា

ព្រៃវែង៖ នាល្ងាចថ្ងៃទី៦​ ខែមិថុនា ឆ្នាំ២០១៧ ព្រះគ្រូសិរិមុនី ស៊ុន ច័ន្ទសុធា ព្រះបាឡាត់គណខេត្តព្រៃវែង បាននិមន្តប្រទានធម៌ទេសនាអប់រំដល់កុលបុត្រដែលត្រូវបួសជាភិក្ខុសាមណេរ ដូនជី ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របតិបត្តិទៅតាមអ្វីដែលអង្គការបានរៀបចំក្នុងការបណ្តុំបណ្តាលវគ្គអប់រំនេះ។ ការបួសរយៈពេលខ្លីនេះ ជាវគ្គអប់រំពិសេសបែបពុទ្ធសាសនាដែលអាចចែករំលែកនូវចំណេះដឹងប្រកបដោយគុណធម៌ សីលធម៌ ចរិយាធម៌ ជាពិសេសគឺការអប់រំផ្នែកផ្លូវចិត្តដោយសិក្សាឈ្វេងយល់ពីជិវិតអ្នកតាមរយៈការចូលមកអនុវត្តផ្ទាល់។ នេះជាការបណ្តុះគុណធម៌សម្រាប់ខ្លួន និងសង្គមជាតិ។