ថ្វាយបង្គំព្រះគ្រូអនុគណស្រុកកៀនស្វាយ

ក្រោយពីជួបលោកមេឃុំ នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដដែលព្រះភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ និងព្រះភិក្ខុ រតនសីលោ កែវ រតនៈ បាននិមន្តចូលថ្វាយបង្គំព្រះគ្រូអនុគណស្រុកកៀនស្វាយដើម្បីសុំការអនុញ្ញាតរៀបចំបំបួសកុលបុត្រ ៥០០ រូប ដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃ ២៧ ខែមេសា រហូតដល់ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៨។ ព្រះគ្រូអនុគណបានស្វាគមន៍ដោយភាពកក់ក្តៅ និងត្រេកអររីករាយចំពោះដំណើរកម្មវិធីបំបួសនេះក្រៃលែង ព្រមទាំងធានាជួយសម្រួលគ្រប់កិច្ចការនៃកម្មវិធី។ កម្មវិធីនេះនឹងប្រព្រឹត្តទៅដើម្បីបានជាផលប្រយោជន៍ដល់សាធារណៈ ជាពិសេសអ្នកដែលរវល់ក្នុងការងារ ហើយពុំមានពេលដើម្បីរៀបចំកម្មវិធីបំបួសរយៈពេលវែង។ ជាពិសេសកម្មវិធីនេះក៏ជួយសម្រួលដល់កុលបុត្រ និងគ្រួសារមួយចំនួនដែលពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទ្រទ្រង់កម្មវិធីបំបួសដោយខ្លួនឯងផ្ទាល់។ នេះជាការចូលរួមអនុវត្តគោលនយោបាយស្តីពី ភូមិឃុំមានសុវត្ថិភាពជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

Related News